Luke 2

កំណើត​ព្រះយេស៊ូ

1នៅគ្រានោះព្រះចៅអធិរាជអូគូស្ទ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ​ច្បាប់​គឺ​ឲ្យ​ធ្វើជំរឿន​ប្រជាជន​ទូទាំងអាណាចក្រ 2ការធ្វើ​ជំរឿន​ប្រជាជន​លើក​ទីមួយនេះ​បាន​ធ្វើទ្បើង​នៅអំឡុងពេល​ដែល​លោក​គីរេនាសគ្រប់គ្រង​ស្រុក​ស៊ីរី 3មនុស្សគ្រប់គ្នា​បាន​ធ្វើដំណើរទៅស្រុកកំណើតរបស់គេរៀងៗខ្លួន​ដើម្បី​ចុះឈ្មោះ 4លោក​យ៉ូសែប​វិញ​ក៏ចេញពីក្រុងណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេឆ្ពោះទៅ​ភូមិ​មួយ​ជា​ក្រុង​របស់​ស្ដេច​ដាវីឌ​ក្នុង​ស្រុក​យូដាឈ្មោះបេថ្លេហិមព្រោះគាត់ជាសាច់ឈាមនិងជាពូជពង្ស​របស់​ស្ដេច​ដាវីឌ 5ដើម្បីចុះឈ្មោះជាមួយ​នាង​ម៉ារា​ជា​គូដណ្ដឹង​របស់​គាត់​ដែល​កំពុង​មានផ្ទៃពោះ 6ខណៈពេលដែលពួកគេនៅទីនោះ​ក៏​ដល់​ពេលនាងគ្រប់ខែសម្រាលកូន 7ហើយនាង​សម្រាលបានកូនប្រុសម្នាក់​ជា​កូនច្បងរួច​បាន​រុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូកព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែង​សម្រាប់​ពួកគេទេ

ទេវតា​ប្រាប់​អ្នក​គង្វាល​​អំពី​កំណើត​ព្រះយេស៊ូ

8នៅក្នុងតំបន់ជាមួយគ្នានោះមាន​ពួក​អ្នកគង្វាលចៀម​កំពុង​យាមចៀម​របស់​ពួកគេនៅកណ្ដាលវាលទាំងយប់ 9មានទេវតាមួយរូប​របស់​ព្រះអម្ចាស់​បាន​មកឈរចំពោះមុខពួកគេហើយ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​បាន​ចាំង​ចែង​ជុំវិញពួកគេដូច្នេះ​ពួកគេ​ក៏ភ័យខ្លាចជាខ្លាំង 10ប៉ុន្ដែទេវតានោះ​បាន​និយាយ​ទៅ​ពួកគេថា៖ ​«កុំខ្លាចអី! ​ដ្បិតមើល៍​ខ្ញុំ​ប្រកាសដំណឹងល្អ​ប្រាប់​អ្នករាល់គ្នា​ជា​សេចក្ដីអំណរដ៏អស្ចារ្យដែល​នឹង​មានដល់ប្រជាជនទាំងអស់ 11ដ្បិតថ្ងៃនេះ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គដែលជា​ព្រះ​គ្រិស្ដ​ដ៏ជា​ព្រះអម្ចាស់​បាន​ប្រសូតមក​ឯ​អ្នករាល់គ្នានៅក្នុងក្រុងរបស់​ស្ដេច​ដាវីឌ 12ហើយនេះ​ជា​ទីសំគាល់​សម្រាប់​អ្នករាល់គ្នា​គឺ​អ្នករាល់គ្នា​នឹង​ឃើញបុត្រតូច​ដែល​គេ​រុំនឹងសំពត់ដាក់ផ្ដេកនៅក្នុងស្នូក»។ 13រំពេចនោះមានពលទេវតានៃស្ថានសួគ៌ច្រើនកុះករសរសើរតម្កើងព្រះជាម្ចាស់ជាមួយទេវតានោះថា 14«សូមឲ្យ​ព្រះជាម្ចាស់នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿងហើយក្ដីសុខសាន្ដមានដល់​អស់​អ្នកនៅលើផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះ​ហឫទ័យ»។ 15កាលពួកទេវតា​បាន​ចាក​ចេញ​ពីពួកគេទៅស្ថានសួគ៌​វិញ​ពួក​អ្នកគង្វាលចៀម​ក៏​និយាយគ្នាថា៖ ​«តោះ​យើងទៅ​ភូមិ​បេថ្លេហិមហើយមើលហេតុការណ៍ដែល​បាន​កើតឡើងនេះដែលព្រះអម្ចាស់​បាន​ប្រាប់យើងឲ្យដឹង»។ 16ពួកគេក៏ធ្វើ​ដំណើរ​ទៅ​ជា​ប្រញាប់ហើយឃើញ​នាង​ម៉ារា​លោក​យ៉ូសែបព្រមទាំងបុត្រតូច​ដែល​គេ​កំពុង​ដាក់ផ្ដេកក្នុងស្នូក 17កាលបាន​ឃើញហើយ​ពួកគេ​ក៏រៀបរាប់ពីពាក្យ​ដែល​ទេវតា​បាន​ប្រាប់ពួកគេ​ឲ្យ​ដឹងអំពីបុត្រតូចនេះ 18មនុស្ស​ទាំងអស់ដែល​បាន​ស្ដាប់ឮក៏នឹកអស្ចារ្យពីសេចក្ដីដែល​ពួក​អ្នកគង្វាលចៀម​បាន​ប្រាប់ពួកគេ 19ប៉ុន្ដែនាង​ម៉ារា​បាន​រក្សាសេចក្ដីទាំងអស់នេះទុក​ហើយ​ពិចារណានៅក្នុងចិត្ដ 20ពួកអ្នកគង្វាលចៀម​បាន​វិលទៅវិញ​ទាំង​ថ្វាយ​សិរីរុងរឿងនិងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ដែល​ពួកគេ​បាន​និង​បាន​ឃើញដូចដែល​ទេវតា​បាន​ប្រាប់ពួកគេ

ពិធី​កាត់​ស្បែក​ និងការ​ថ្វាយ​ទារក​យេស៊ូ

21លុះគ្រប់ប្រាំបីថ្ងៃសម្រាប់​ធ្វើពិធី​កាត់ស្បែកបុត្រតូច​គេ​បានដាក់ឈ្មោះបុត្រតូច​នោះ​ថាយេស៊ូ​ជាឈ្មោះ​ដែលទេវតា​បាន​ដាក់​ឲ្យ​មុនពេលមានកំណើតក្នុងផ្ទៃ 22ដល់ពេល​ត្រូវធ្វើ​ពិធីជម្រះកាយ​ទៅតាមក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ពួកគេ​ក៏នាំយកបុត្រតូចទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះជាម្ចាស់ 23គឺដូចដែល​មាន​សេចក្ដីចែងទុកក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់ថាគ្រប់​កូន​ប្រុស​ដែល​កើត​ពី​ផ្ទៃមុនដំបូង​នឹង​ត្រូវ​រាប់​ជា​បរិសុទ្ធ​សម្រាប់​ព្រះអម្ចាស់ 24ហើយតាមសេចក្ដី​ដែល​បាន​ចែងទុកក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​គឺ​ត្រូវ​ថ្វាយលលកមួយគូព្រាបជំទើរពីរ​ជា​យញ្ញបូជា

លោកស៊ីម្មាន​ថ្លែង​ព្រះបន្ទូល

25មើល៍នៅ​ក្រុង​យេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន​ជា​មនុស្សសុចរិតហើយ​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​គាត់​កំពុង​រង់ចាំ​ការ​សម្រាលទុក្ខ​សម្រាប់​អ៊ីស្រាអែលហើយ​ព្រះ​វិញ្ញាណបរិសុទ្ធ​បាន​សណ្ឋិតលើគាត់ 26ព្រះវិញ្ញាណបរិសុទ្ធបានបើក​សំដែង​ឲ្យ​គាត់ដឹងថា​គាត់​នឹង​មិនជួបសេចក្ដីស្លាប់ឡើយមុនពេល​បាន​ឃើញ​ព្រះ​គ្រិស្ដ​របស់​ព្រះអម្ចាស់ 27ព្រះវិញ្ញាណ​បាន​នាំ​គាត់​ចូលមកក្នុង​ព្រះ​វិហារពេលដែលឪពុកម្ដាយ​បាន​នាំបុត្រតូចយេស៊ូ​ចូល​មក​ក្នុងដើម្បីធ្វើតាមទំនៀមទម្លាប់​ក្នុង​គម្ពីរ​វិន័យសម្រាប់បុត្រតូច 28លោកស៊ីម្មានបាន​ទទួល​យក​បុត្រតូច​នោះ​មកបីនៅក្នុងដៃហើយ​គាត់​បាន​ថ្វាយព្រះពរព្រះជាម្ចាស់ដោយនិយាយថា 29«ឱ​ព្រះអម្ចាស់អើយ! ​សូម​ដកយកបាវបម្រើ​របស់​ព្រះអង្គទៅក្នុង​សេចក្ដី​សុខសាន្ដ​នៅពេល​ឥឡូវនេះតាមព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។ 30ដ្បិតភ្នែក​របស់​ខ្ញុំ​បាន​ឃើញសេចក្ដីសង្គ្រោះ​របស់​ព្រះអង្គ 31ដែលព្រះអង្គ​បាន​ផ្ដល់ឲ្យនៅចំពោះមុខប្រជាជនទាំងអស់ 32គឺជា​ពន្លឺសម្រាប់បំភ្លឺ​សាសន៍​ដទៃនិងសិរីរុងរឿង​ដល់​អ៊ីស្រាអែល​ដែល​ជា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ»។ 33ឪពុកម្ដាយ​របស់​បុត្រតូចនឹកអស្ចារ្យពីសេចក្ដីទាំងឡាយ​ដែល​បាន​ពោលអំពីព្រះអង្គ 34លោកស៊ីម្មាន​បាន​ឲ្យពរពួកគេនិង​បាន​និយាយទៅ​នាង​ម៉ារាជាម្ដាយថា៖ ​«មើល៍​កូន​នេះ​ត្រូវបាន​កំណត់សម្រាប់ការជំពប់ដួលនិងការងើបឡើង​របស់​មនុស្ស​ជាច្រើននៅអ៊ីស្រាអែលហើយ​ជា​ទីសំគាល់​ដែល​ត្រូវ​គេ​ប្រឆាំង 35អ្នកវិញ​នឹង​មាន​ដាវមួយចាក់ទម្លុះព្រលឹង​របស់​អ្នក​ដើម្បីឲ្យចិត្ដគំនិត​របស់​មនុស្ស​ជាច្រើនបាន​សំដែង​ចេញពី​ខាង​ក្នុង​មក»។

នាង​អាណថ្លែង​ព្រះបន្ទូល

36មានអ្នកនាំព្រះបន្ទូលស្រីម្នាក់​ឈ្មោះ​អាណ​ជា​កូនស្រី​របស់​លោក​ផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ។ ​ស្ដ្រី​ម្នាក់​នេះមានវ័យចាស់ជរាទៅ​ហើយ​ក្រោយពីវ័យក្រមុំ​របស់​គាត់​គាត់​បាន​រស់នៅជាមួយប្ដី​បាន​ប្រាំពីរឆ្នាំ 37រួចគាត់ក៏​នៅ​មេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំគាត់មិនដែលចាកចេញ​ពី​ព្រះ​វិហារឡើយ​ហើយ​គាត់​បម្រើព្រះជាម្ចាស់ទាំងយប់​ទាំង​ថ្ងៃ​ទាំង​តមអាហារនិងអធិស្ឋាន​ផង។ 38នៅវេលានោះ​គាត់​បាន​មកក្បែរហើយអរព្រះគុណព្រះជាម្ចាស់និង​បាន​ប្រកាស​ប្រាប់​អំពីព្រះអង្គ​ដល់​អស់អ្នកដែល​កំពុង​ទន្ទឹងរង់ចាំសេចក្ដី​ប្រោស​លោះរបស់​ក្រុង​យេរូសាឡិម

គ្រួសារ​ព្រះយេស៊ូ​ត្រលប់​មក​ក្រុងណាសារ៉ែត​

39កាលធ្វើតាមគម្ពីរវិន័យ​របស់​ព្រះអម្ចាស់សព្វគ្រប់​ហើយ​ពួកគេ​ក៏​វិលត្រលប់ទៅ​ស្រុក​កាលីឡេវិញ​គឺ​ឆ្ពោះទៅ​ក្រុង​ណាសារ៉ែត​ជា​ក្រុង​របស់​ពួកគេ 40កុមារយេស៊ូ​បាន​ចម្រើនវ័យឡើងទាំង​មាន​កម្លាំងមាំមួនពោរពេញ​ដោយ​ប្រាជ្ញាឈ្លាសវៃហើយ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​បាន​សណ្ឋិតលើកុមារនោះ

កុមារ​យេស៊ូនិយាយ​ជាមួយ​ពួក​គ្រូ​

41ជារៀងរាល់ឆ្នាំឪពុកម្ដាយ​របស់​កុមារយេស៊ូ​បាន​ធ្វើដំណើរទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យរំលង 42លុះព្រះយេស៊ូ​មានអាយុដប់ពីរឆ្នាំពួកគេ​ក៏​ឡើងទៅតាមទំនៀមទម្លាប់​នៃ​ពិធីបុណ្យ 43កាលថ្ងៃបុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយពួកគេ​ក៏​វិលត្រលប់ទៅវិញ​ឯ​កុមារ​យេស៊ូនៅក្នុង​ក្រុង​យេរូសាឡិមនៅឡើយប៉ុន្ដែឪពុកម្ដាយមិន​បាន​ដឹងទេ 44ព្រោះស្មានថាព្រះអង្គ​កំពុង​នៅក្នុងក្បួនធ្វើដំណើរ។ ​កាល​ពួកគេ​ធ្វើដំណើរ​បាន​មួយ​ថ្ងៃ​ពួកគេ​ក៏​តាមរកព្រះអង្គក្នុងចំណោមសាច់ញាតិនិង​ពួក​អ្នកស្គាល់គ្នា 45ប៉ុន្ដែពេល​រកមិនឃើញ​ពួកគេ​ក៏​ត្រលប់ទៅ​ក្រុង​យេរូសាឡិមវិញ​ដើម្បី​តាមរកព្រះអង្គ 46បីថ្ងៃក្រោយមក​ពួកគេ​បាន​រកឃើញព្រះអង្គនៅក្នុង​ព្រះ​វិហារ​កំពុង​អង្គុយស្ដាប់និងសួរសំណួរ​នៅ​កណ្ដាលចំណោម​ពួក​គ្រូ 47អស់អ្នកដែល​បាន​ស្ដាប់ព្រះអង្គ​បាន​នឹកអស្ចារ្យពីតម្រិះប្រាជ្ញានិងចម្លើយ​របស់​ព្រះអង្គ 48កាលឪពុក​ម្ដាយ​បាន​ជួបព្រះអង្គ​ហើយ​ក៏​ភាំងស្មារតីរួចម្ដាយសួរថា៖ ​«កូនអើយ! ​ហេតុអ្វីបានជា​កូន​ធ្វើយ៉ាងដូច្នេះ​ចំពោះ​ឪពុកម្ដាយមើល៍ម្ដាយ​និង​ឪពុក​របស់​កូន​បាន​តាមរកកូន​ទាំង​ព្រួយចិត្ដ»។ 49ប៉ុន្ដែព្រះយេស៊ូ​ក៏មានបន្ទូលទៅឪពុកម្ដាយថា៖ ​«ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ​តើ​ពុកម៉ែ​មិនដឹងទេ​ឬ​ថាខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃ​ព្រះ​វរ​បិតារបស់ខ្ញុំ?»។ 50ពួកគេមិនយល់ពាក្យ​សំដី​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ទៅ​ពួកគេទេ 51បន្ទាប់មកព្រះអង្គ​ក៏​ចុះទៅ​ក្រុង​ណាសារ៉ែតជាមួយ​ឪពុកម្ដាយ​វិញហើយ​ព្រះអង្គ​បានស្ដាប់បង្គាប់ពួកគេម៉ារា​បាន​រក្សាហេតុការណ៍ទាំងអស់ទុកក្នុងចិត្ដ 52ព្រះយេស៊ូ​កាន់តែ​ចម្រើន​វ័យ​ឡើងទាំងរូបកាយនិងប្រាជ្ញាហើយ​បាន​ជាទី​គាប់ព្រះហឫទ័យ​ព្រះជាម្ចាស់និងចិត្ដមនុស្សផង
Copyright information for KhmKCB